វេទិកា“សំឡេងយុវជន” បង្កើតឡើងក្នុងគោលបំណងឱ្យយុវជនខ្មែរនៅគ្រប់ទីកន្លែងបានរៀបចំ និងចាត់ចែងការបញ្ចេញនូវទស្សនៈអំពីបញ្ហាទាំងឡាយដែលបាននឹងកំពុងប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនខ្លួនឯង ជាពិសេសប៉ះពាល់ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកប្រជាធិបតេយ្យ យុត្តិធម៌ សន្តិភាព និងនិរន្តភាព។យុវជនខ្មែរទាំងអស់នៅគ្រប់ទីកន្លែងអាចប្រើប្រាស់វេទិកា “សំឡេងយុវជន” នេះ សម្រាប់ធ្វើយុទ្ធនាការស្វែងរកដំណោះស្រាយ ឬអន្តរាគមន៍ពីអ្នកមានសមត្ថកិច្ចជាពិសេសអាជ្ញាធររដ្ឋគ្រប់លំដាប់ថ្នាក់ ឬអ្នកពាក់ព័ន្ធនានាទៅលើបញ្ហាជាក់លាក់ណាមួយដែលបាននឹងកំពុងប៉ះពាល់ជាអវិជ្ជមានដល់ការរស់នៅរបស់ដល់បុគ្គល ក្រុម ឬសហគមន៍ ងាយរងគ្រោះណាមួយ។ លើសពីនេះទៀតយុវជនក៏អាចប្រើប្រាស់វេទិកានេះ សម្រាប់ធ្វើយុទ្ធនាការទាមទារអាជ្ញាធររដ្ឋគ្រប់លំដាប់ថ្នាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវសេវាសាធារណៈ និងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។ វេទិកា “សំឡេងយុវជន” នេះ បានបង្កលក្ខណៈងាយស្រួលដល់យុវជនក្នុងការធ្វើយុទ្ធនាការនីមួយៗ តាមទំរង់ ឬរបៀបមួយចំនួនដូចខាងក្រោមៈ

  • ការរៀបចំការជួបជុំ meetups (អាចជា ការប្រជុំ/ត្រាប់/ការប្រមូលផ្តុំគ្នា)
  • ការប្រមូលប្រជាពលរដ្ឋឲ្យពេញចិត្ត (like) ឬក៍ចែករំលែក (share) បញ្ហា ឬទស្សនៈអ្វីមួយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ
  •  ការស្នើសុំឲ្យប្រជាពលរដ្ឋជួយផ្តល់ជា បញ្ហា ឬរឿងរ៉ាវផ្សេងៗ (អត្ថបទ, រូបភាព, វីដេអូ, សំឡេងអូឌីយ៉ូ)
  •  ការចាប់ផ្តើមការដាក់ញត្តិដល់អ្នកមានសមត្ថកិច្ចក្នុងដោះស្រាយ ឬអន្តរាគមន៍លើបញ្ហា
    វេទិកា“សំឡេងយុវជន” នេះ ណែនាំអ្នកនូវការបង្កើតយុទ្ធនាការដែលមានគោលបំណងច្បាស់លាស់ និងអាចទទួលបានជោគជ័យ។ វេទិកានេះជួយប្រមួលការគាំទ្រចំពោះបញ្ហារបស់អ្នក វាស់វែងភាពជោគជ័យរបស់អ្នក ហើយវា ជាឧបករណ៍ងាយស្រួលមួយសម្រាប់រក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រយុទ្ធនាការរបស់អ្នក។