យុទ្ធនាការស្នើសុំឲ្យក្រសួងបរិស្ថានដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិដើម្បីការពារធនធានធម្មជាតិនេះកុំឲ្យមានការបំផ្លាញនៅពេលអនាគត

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

កោះកុងក្រៅជាកោះធំជាងគេនៅកម្ពុជា ស្ថិតនៅក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីទំហំ ១០៣គីឡូម៉ែតការ៉េ។ បើយើងចង់ទៅលេងកោះនេះ មានតែធ្វើដំណើរតាមទូកប៉ុណ្ណោះ ហើយយើងមានកាលំបាកខ្លាំងប្រសិនបើយើងចង់ទៅលេងក្នុងខែវស្សា។ កោះនេះបច្ចុប្បន្នកំពុងឋិតនៅក្រោមការគ្រប់គ្រងរបស់ទាហានជើងទឹក។ ដោយសារមិនទាន់មានការវិនិយោគទើបព្រៃឈើនៅលើកោះនេះមិនទាន់មានការកាប់បំផ្លាញ់នៅឡើយ។ យោងតាមរូបភាពផ្កាយរណប រួមទាំងការចុះទៅឃើញជាក់ស្តែង ផ្ទៃដីស្ទើរតែទាំងអស់នៃកោះនេះគ្របដណ្តប់ដោយព្រៃឈើក្រាស់គ្មឹក។ នៅលើកោះនេះមានឆ្នេរសមុទ្រចំនួន ៦កន្លែង ហើយធម្មជាតិទាំងមូលនៅលើកោះនេះនៅរក្សាបានសភាពដើមនៅឡើយ។ ជីវចម្រុះក្រោមទឹក ក៏ដូចជាផ្កាថ្មនៅប៉ែកខាងលិចកោះនៅមានច្រើនគួអោយកត់សំគាល់ មកទល់ពេលនេះមិនទាន់មានការសិក្សាលំអិតអំពីប្រភេទសត្វ និងរុក្ខជាតិនៅលើកោះនេះនៅឡើយទេ ប៉ុន្តែពពួកថនិកសត្វទំហំធំដូចជាខ្លាដំបង ខ្លារខិន ដំរី ជាដើមទំនង ជាលែងមាន ឬក៏ត្រូវបានគេបរបាញ់ផុតពូជអស់ទៅហើយ។ អ្វីដែលគួរអោយចាប់អារម្មណ៏បំផុតនោះគឺពលរដ្ឋខ្មែរភាគច្រើនមិនដែលស្គាល់ ឬលឺឈ្មោះកោះនេះទេ អ្នកដែលបានទៅស្គាល់ភាគច្រើនជាភ្ញៀវបរទេស ពួកគេតែងតែទៅលេងកម្សាន្តចាប់ពីខែ វិច្ចិកា ទៅខែ មិថុនា។ យើងធ្លាប់បានទទួលព័ត៌មានមិនផ្លូវការមួយដែលនិយាយថា ក្រសួងបរិស្ថានបានព្យាយាមបញ្ចុះបញ្ចូលអោយរដ្ឋាភិបាលដាក់បញ្ចូលកោះនេះជាឧទ្យានជាតិម្តងរួចមកហើយប៉ុន្តែការងារនេះក៏បរាជ័យទៅវិញ ទំនងដោយសារស្ថាប័នផ្សេងជំទាស់។ ដោយសារកោះនេះមានទំហំធំដែលស្ថិតនៅតំបន់ដាច់ស្រយាល ហើយមកទល់ពេលនេះមិនទាន់មានមនុស្សស្គាល់ច្រើននៅឡើយ ដូច្នេះយើងមើលឃើញថាកោះនេះសាកសមបំផុតដែលរដ្ឋាភិបាលគួរតែរក្សាកោះនេះអោយនៅមានលក្ខណៈដើមដដែល សម្រាប់កូនខ្មែរជំនាន់ក្រោយអាចសិក្សាស្រាវជ្រាវ ឬក៏ទុកជាជម្រកសម្រាប់អភិរក្សប្រភេទសត្វកម្រផ្សេងៗរបស់កម្ពុជា។​ កោះកុងក្រៅមានលក្ខណៈសម្បត្តិលើសពីគ្រប់គ្រាន់ ដូច្នេះ ពុកម៉ែបងប្អូនជាពិសេសយុវជនដែលស្រលាញ់ចង់ការពារបរិស្ថាន សូមចូលរួមជាមួយពួកខ្ញុំក្នុងយុទ្ធនាការស្នើរសុំអោយក្រសួងបរិស្ថានដាក់តំបន់នេះជាតំបន់ការពារសម្រាប់កូនចៅយើងជំនាន់ក្រោយ សូមអរគុណ!

សូមទស្សនាវីដេអូ៖

Comments (24)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close