ស្នើសុំឱ្យមានការអភិវឌ្ឍន៍កសិន្ធុព័ទ្ធជុំវិញប្រាសាទឯកភ្នំ

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

 

ប្រទេសកម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណជាច្រើនដូចជាប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ ហើយនិងប្រាសាទសំបូរព្រៃគុហ៍ជាដើម។ នៅក្នុងនោះផងដែរ នៅខេត្តបាត់ដំបងក៏មានប្រាសាទមួយដែលមានអាយុកាលដ៏ចំណាស់ ហើយប្រាង្គប្រាសាទបុរាណមួយនេះបានកសាងឡើងមុនប្រាសាទអង្គវត្តផងដែរ។ ប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្តបាត់ដំបងតែងតែស្គាល់ ហើយក៏ធ្លាប់ធ្វើដំណើរទៅលេងប្រាសាទនេះ។ ប្រាង្គប្រាសាទបុរាណមួយនេះមានឈ្មោះថា ប្រាសាទឯកភ្នំ។ ប្រាសាទឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក  ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានចំងាយ៨.៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី១១ក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ឆ្នាំ១០០២-១០៥០)នាសម័យមហានគរ ដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។

បច្ចុប្បន្នយើងសង្កេតឃើញថា ប្រាសាទនេះមានការទ្រុឌទ្រោមជាខ្លាំង​ ហើយមានការថែរក្សាដោយការយកឈើទល់ទ្រទៅលើផ្នែកខ្លះដែលស្ទើរតែរលំ។ មិនតែប៉ុណ្ណោះ កសិន្ធុដែលព័ន្ទជុំវិញប្រាសាទ ដែលជាលម្អនៃប្រាសាទសព្វថ្ងៃនេះ មិនត្រូវបានយកចិត្តខ្ពស់នោះទេពីមន្រ្តីអាជ្ញាធរ និងប្រជាពលរដ្ឋមួយចំនួន ដែលធ្វើឱ្យប្រាងប្រាសាទមួយនេះហាក់ដូចជាឯកា ហើយបាត់បង់សោភ័ណភាព រួមទាំងបាត់បង់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។ បើយោងទៅតាមការចុះសាកសួរពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធរបស់ក្រុមយុវជនចំនួន១០នាក់ ដែលជាក្រុមនិស្សិតនៅខេត្តបាត់ដំបងលើកឡើងថា៖កសិន្ធុដែលព័ន្ធជុំវិញប្រាសាទនេះមិនឃើញមានការយកចិត្តទុកដាក់ និងមិនមានការអភិវឌ្ឍណាមួយ​​​​​​​

ឱ្យទៅជាតំបន់ទាក់ទាញនៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដោយសារតែការមិនខ្វល់ខ្វាយពីមន្រ្តីអាជ្ញាធរ និងការមិនសូវយកចិត្តទុកពីប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ ក្រុមនិស្សិតបានលើកឡើងបន្តទៀតថា៖ កត្តាដែលបណ្ដាលឱ្យពួកគាត់មិនខ្វល់ខ្វាយក្នុងការស្ដារប្រព័ន្ធធាសាស្រ្តមួយនេះឱ្យទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរន៍ដោយសារតែទី១.មន្រ្តីអាជ្ញាធរនៅខ្វះចំណេះដឹងក្នុងការឆ្នៃប្រឌិត អសមត្ថភាពក្នុងការស្វែងរកម្ចាស់ជំនួយ ហើយនិងគ្មានទំនួលខុសត្រូវខ្ពស់ ពួកគាត់តែងតែបន្ទោសប្រជាពលរដ្ឋថាមិនព្រមជួយគ្នាអភិវឌ្ឍន៍ និងរក្សា    បរិស្ថាន។ ទី២.ទាំងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធខ្វះការសាមគ្គីគ្នា រហូតដល់ប្រជាពលរដ្ឋបន្ទោសអាជ្ញាធរ ចំណែកអាជ្ញាធរបន្ទោសប្រជាពលរដ្ឋ។ ទី៣.បញ្ហានៃការមិនអភិវឌ្ឍន៍កសិន្តដែលព័ទ្ធជុំវិញប្រាសាទនេះដោយសារតែកត្តាពុករលួយរបស់មន្រ្តីមួយចំនួន។

ដូច្នេះក្រុមយុវជនខេត្តបាត់ដំបងចំនួន១០អង្គនាក់ ដែលមានព្រះសង្ឃចំនួន៤អង្គ យុវជន៦នាក់បានធ្វើវិឌីអូរស្នើសុំឱ្យមន្រ្តីអាជ្ញាធរពាក់ព័ន្ធចាត់វិធានការស្ដារប្រព័ន្ធធារាសាស្រ្ត នៅព័ទ្ធជុំវិញប្រាសាទឯកភ្នំដើម្បីលើកកម្ពស់កេរ្តិ៍មត៌ករបស់ដូនតា។ ហើយដើម្បីឱ្យប្រាង្គប្រាសាទនេះមានសោភ័ណភាពល្អ ជាចំណែកទាក់ទាញភ្ញៀវទេសចរណ៍។ ក្រុមយុវជនបានលើកឡើងថា៖ នៅពេលណាដែលមានការស្ដារកសិន្តដែលព័ទ្ធជុំវិញនិងរៀបចំថ្មផ្នែកខ្លះនៃប្រសាទនេះបានល្អហើយ ភ្ញៀវទេសចរណ៍ជាច្រើននឹងមកទស្សនា ហើយប្រជាពលរដ្ឋភាគច្រើនគាត់អាចរកចំណូលបានច្រើនពីអ្នកមកទស្សនាលេងនៅប្រាសាទ ដូចជាការលក់ដូរ  ឥវ៉ាន និងមានផ្ទះជួលសម្រាប់ជនបទេសជាដើម។

ជាចុងក្រោយ ពួកយើងខ្ញុំសង្ឃឹមថាអាជ្ញាធរនឹងចាត់វិធានការមួយនេះ ដើម្បីចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍន៍ និងអភិរក្សប្រាង្គប្រាសាទបុរាណ។ សូមបង្អូនជួយ Like និង Share សំណើទាំងនេះទៅកាន់អ្នកពាក់ព័ន្ធឱ្យពួកគាត់បានដឹងផងចុះ សូមអរគុណ!

Comments (1)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close