បញ្ហាសំរាមនៅកម្ពុជា

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

សំរាមគឺ ជាសំណល់ដែលគេបោះបង់ចោល ឬ ចាក់ចោលនៅទីកន្លែងផ្សេងៗគ្នា ដោយសារតែគេលែងត្រូវការវាទៀត ។ ​សំរាមគឺជាកាកសំណល់គ្រប់ប្រភេទដែលសល់ពីបម្រើបម្រាស់ ប្រចាំថ្ងៃ ហើយត្រូវបញ្ចេញចោលតាមសកម្មភាពសព្វបែបយ៉ាងពីប្រភពផ្សេងៗ ។

នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ បញ្ហាបរិស្ថានចម្បងមួយ គឺ ការចោល និង​ការ​គ្រប់​គ្រងសំរាម ។  ការចោលសំរាម មានទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​កំណើន​ប្រជាជន ដែល​វា​នាំឱ្យមាន​​ការព្រួយបារម្ភពីបញ្ហាបរិស្ថាន និងសុខភាពមនុស្ស។ បញ្ហា​សំរាម​ ​នៅ​ទីប្រជុំជន​/​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​បាន​ក្លាយជា​កង្វល់​ចំបង​មួយ​ ក្នុង​ចំណោម​បញ្ហា​នានា​ផ្សេង​ទៀត​ ហើយ​បញ្ហា​សំរាម​នេះ​ទៀត​សោត​បាន​បង្ក​ជា​បញ្ហា​ប្រឈម​មួយ​ទៅ​ដល់​សង្គម​កម្ពុជា​ ព្រោះថា​សំរាម​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន​ក្រុង​ និង​សុខា​មា​ល​ភាព​ប្រជាពលរដ្ឋ​ផង​ដែរ​ ។

ការ​ចោល​សំរាម មើល​ទៅ​ដូច​ជា​រឿង​តូចតាច ប៉ុន្តែ​ទម្លាប់​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​​ខុស​ត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ ដែល​នៅ​ក្នុង​នោះ​មាន​ទាំង ពលរដ្ឋ​ធម្មតា និង​អាជ្ញាធរ ។ ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សោភ័ណ​ភាព​របស់​ប្រទេស ព្រម​ទាំង​អាច​ជាន់​ពន្លិច​​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​ជាតិ​ទៀត​ផង។

ការគ្រប់គ្រងសំរាមរាយប៉ាយ គឺជាកិច្ចការងារអាទិភាពមួយ របស់​ក្រសួង​​បរិស្ថាន ដើម្បីគ្រប់គ្រង​កាកសំណល់ដែលកំពុងបំពុលសុខភាព​ប្រជាពលរដ្ឋដោយសារ​តែការរាយ​ប៉ាយ​នៅតាម​ទីសាធារណៈ និងទីកន្លែងប្រជុំជនមួយចំនួន។

ជា​ដំណោះ​ស្រាយ ការ​លុប​បំបាត់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​បុគ្គល​ម្នាក់​ៗ និង​ពី​គ្រួសារ​តូច​ទៅ។ ជា​គ្នា​នេះ​ដែរ ការ​ផាក​ពិន័យ​ ទៅ​លើ​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល គឺ​ជា​មធ្យោបាយ​មួយ​ដែល​ត្រូវ​តែ​អនុវត្ត ដើម្បី​រួមចំណែក​ផ្លាស់​ប្តូរ​មារយាទ​មិន​សូវ​ល្អ​របស់​ពលរដ្ឋ។ ដូច្នេះ ដល់​ពេល​ហើយ ដែល​ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​គ្នា ចាប់ផ្តើម​គិត​គូរ និង​អនុវត្ត​រឿង​តូច​តាច​មួយ​នេះ ដើម្បី​សង្គម​យើង។ អ្នក​ដែល​ត្រូវ អនុវត្ត​មុន​គេ​គឺ ឪពុក​ម្តាយ អាណា​ព្យាបាល ឬ​មនុស្ស​ចាស់ គ្រូ​បង្រៀន និង​អាជ្ញាធរ។ ប្រសិន​បើ​យើង​អាច​អនុវត្ត​បាន​ទាំង​អស់​គ្នា នោះ​យើង​នឹង​អាច​លើក​កំពស់​បរិស្ថាន ហើយ​អាច​រួម​ចំណែក​កសាង​សោភ័ណភាព​របស់​ប្រទេស​យើង​បាន​ទៀត​ផង ។

Sending
User Review
5 (1 vote)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close