(ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៩) សំរាប់ឳកាសដ៏ស្តួចស្តើង ការចាប់យក និងតស៊ូបានជោគជ័យ គឺជារឿងដ៏អស្ចារ្យ! តែសំរាប់អ្នកមាន ឳកាសស្តុកស្តម្ភខ្លះ គឺមិនបានមើលឃើញពីតម្លៃនៃការលះបង់នេះឡើយ! កុំសួរថា តើសង្គមនេះ នឹងក្លាយដូចក្តីស្រម័យអ្នក! ត្រូវសួរថា តើអ្នកពិតចង់ឃើញរូបភាពសង្គមមួយនេះយ៉ាងដូចម្តេច?
ជាក់ស្តែង ករណីនេះបានកើតឡើងក្នុងសាលាបឋមសិក្សាមួយ ដែលមាន ២ខ្នង ត្រូវនឹង ២បន្ទប់ ក្នុងភូមិក្របីមួយ ឃុំអន្លង់ភេ ស្រុកថាឡ៉ាបរិវាត់ ខេត្តស្ទឹងត្រែង។ ការសិក្សា ចំពោះសិស្ស (កុមារ) ចាប់ពីថ្នាក់ទី ១ ដល់ ទី ៦ មានគ្រូបង្រៀនតែ ៣ រូបប៉ុណ្ណោះ។ ក្នុងនោះ គ្រូ ២ រូបមកពីចំងាយ ហើយដែលពិបាក មកបង្រៀនជាញឹកញាប់។ អ្វីដែលសំខាន់ សាលារៀន នេះ គឺមិនទាន់មានលទ្ធភាពឲ្យសិស្ស គ្រប់កម្រិត រៀនជាទៀតទាត់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ នោះឡើយ។ ម្យ៉ាងទៀត ឆ្លងតាមការចុះជួបផ្ទាល់ជាមួយ ៥ ទៅ ៦គ្រួសាររបស់ក្រុមសិស្សនិស្សិត តាមរយៈទស្សនកិច្ចសិក្សាដែលរៀបចំដោយអង្គការ YRDP ឃើញថា អាណាព្យាបាលរបស់សិស្ស មិនមានចំណេះដឹងគ្រប់គ្រាន់ (រៀនសូត្រ) ហើយមិនបានផ្តល់ឪកាស ឬជំរុញលើកទឹកចិត្តដល់កូនៗ ពីសារៈសំខាន់ នៃការសិក្សានោះទេ។ ជាងនេះទៅទៀត កុមារភាគច្រើន ត្រូវទៅតាមឪពុកម្តាយចូលក្នុងព្រៃ ដើម្បីធ្វើស្រៃចំការឆ្ងាយពីភូមិ។
ឆ្លើយតបនឹងបញ្ហានេះដែរ អជ្ងាធរមូលដ្ឋាន (មេភូមិ និងក្រុមប្រឹក្សាឃុំ) ក៏ធ្វើការជំរុញយ៉ាងខ្លាំងខ្លាដែរ តែនៅតែមិនទាន់មានប្រសិទ្ធិភាពពេញលេញ ហើយណាមួយបញ្ហាប្រឈមខ្លាំងចំពោះផ្លូវធ្វើដំណើរ ដើម្បីតាមដាន និងគាំទ្រ ដោយសារភូមិក្របីមូយ ជាភូមិឧបសម្ព័ន្ព ដែលមានចំងាយដាច់ស្រយាលឆ្ងាយក្នុងព្រៃ ពីភូមិទាល (ទីប្រជុំជន)។ ហើយផ្លូវចូលភូមិ គឺជាប្រភេទផ្លូវរុកចូលព្រៃ ហើយមានសភាពលំបាកខ្លាំង គឺមានតែគោយន្ត និងម៉ូតូប៉ុណ្ណោះ ដែលអាចចូលរួច ហើយត្រូវចំណាយពេលយ៉ាងហោចណាស់ ក៏ ១ ម៉ោងដែរ ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាល ជាពិសេសក្រសួងសាមី (ក្រសួងអប់រំ យុវជន និងកីឡា) បានកំណត់ពីការអប់រំទូទៅជាមូលដ្ឋាន និងការគាំទ្រពីសាលារដ្ឋសំរាប់កុមារ និង/ឬ យុវជននិមួយៗដល់កម្រិតថ្នាក់ទី ០៩។ ហើយកុមារ និងយុវជន ភាគច្រើនបំផុត ក្នុងទីក្រុង និងទីប្រជុំជននានា សុទ្ធតែមានឪកាសបានរៀតសូត្រ ដែលនេះ គឺមានភាពមិនទាន់បានស្មើគ្នា តាមគោលការណ័អប់រំថ្នាក់ជាតិនៅឡើយ ។
ដើម្បីសំរេចបាននូវគោលនយោបាយអប់រំជាតិ គឺត្រូវមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ ក្រសួងសាមី និងអាណាព្យាបាលគ្រប់រូប។ សំនេរនេះ គឺធ្វើឡើងដើម្បីគៀងគររកសំលេងនៃការគាំទ្រ ក្នុងគោលបំណងជាញត្តិ ដើម្បីឲ្យមានការគិតគូរបន្ថែមទៀតពីការអប់រំដល់កុមារនៅទីជនបទឲ្យខ្លាំងខ្លា សំរាប់ឪកាសសិក្សាស្មើៗគ្នា និងសំរាប់ទាំងអស់គ្នា ដែលពួកគេនឹងក្លាយជាធនធានមនុស្ស សំរាប់គ្រួសារ និងសង្គមជាតិនាពេលឆាប់ៗខាងមុខ ៕
Comments (1)
CHENG CHANTHONsays:
ខែឧសភា 16, 2019 at 2:03 ព្រឹកInteresting Article
Hoeurn Sokhasays:
ខែវិច្ឆិកា 23, 2019 at 2:26 ព្រឹកគាំទ្រ